
ការសិក្សានេះដែលធ្វើឡើងដោយ Yumei Kang មកពីសាកលវិទ្យាល័យ Kochi ផ្នែកកសិកម្មក្នុងប្រទេសជប៉ុន បានរកឃើញសារធាតុអាសេនិកនៃប៉ាន់គំរូអង្ក ដែលលើសកម្រិតទទួលយកបាន ហើយលើសរហូតដល់ ៣ ដងក្នុងខេត្តចំនួន ៥ ហើយខេត្តដែលអាក្រក់ជាងគេគឺខេត្ត កណ្តាល។
ដោយលើកឡើងអំពីការសិក្សាស្រាវជ្រាវឆ្នាំ ២០១៣ ក្នុងរដ្ឋ West Bengal ប្រទេស ឥណ្ឌា Yumei Kang បានកត់សម្គាល់ថា ការទទួលទានរយៈពេលយូរនូវអង្ករដែលមានសារធាតុអាសេនិកលើកម្រិត អតិបរមាដែលកំណត់ជាអន្តរជាតិ មនុស្សនឹងស្ថិតក្នុងហានិភ័យនៃការខូចខាតហ្សែន។
បើតាមស្តង់ដារដែលកំណត់កាលខែ កក្កដា ឆ្នាំ ២០១៤ ដោយអង្គការសុខភាពពិភពលោក និងអង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ អង្ករមួយគីឡូមិនគួរមានជាតិអាសេនិកលើស ០,២ មីលីក្រាមនោះទេ។ នៅក្នុងប៉ាន់គំរូអង្ករក្នុងខេត្តកណ្តាលគឺមានជាតិអាសេនិករហូត ដល់ ០,៦៤៩ មីលីក្រាមក្នុងមួយគីឡូ។
ខេត្ត កំពង់ធំ គឺជាខេត្តទីពីរដែលមានជាតិ អាសេនិក លើសកម្រិតទទួលយកបានស្ទើរទ្វេដងគឺ ០,៣៧១ មីលីក្រាមក្នុងមួយគីឡូក្រាម។ ខេត្តបន្ទាយមានជ័យ បាត់ដំបង និងព្រៃវែង គឺមានជាតិអាសេនិកលើសកម្រិតអតិបរមា ០,២ មីលីក្រាមក្នុងមួយគីឡូក្រាម។
Yumei Kang បានអំពាវនាវឲ្យប្រជាជនដែលរស់នៅក្នុងតំបន់ហានិភ័យខ្ពស់ «យកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា» ហើយ «បទបញ្ញត្តិបង្ការមិនឲ្យអង្ករដែលមានជាតិអាសេនិកកម្រិតខ្ពស់ ចូលទៅដល់ទីផ្សារគឺត្រូវការឲ្យមាន»។
អ្នកនាំពាក្យក្រសួងកសិកម្ម លោក អៀង សុផល្លែត មិនបានដឹងច្បាស់អំពីការសិក្សាស្រាវជ្រាវរបស់ Kang ប៉ុន្តែលោកបានបញ្ជាក់ថា អង្កររបស់កម្ពុជាមិនមានបញ្ហាអាសេនិកទេ។
លោក សុផល្លែត បានថ្លែងថា៖ «ស្តាប់ ខ្ញុំអាចធានាអ្នកថា មិនមានសារធាតុនេះនៅក្នុងអង្ករកម្ពុជាទេ ពីមុនពេលយើងនាំចេញ វាត្រូវឆ្លងកាត់ការធ្វើតេស្ត ហើយប្រសិនបើមានសារធាតុនេះ វានឹងមិនត្រូវបានអនុញ្ញាតឲ្យនាំចេញទេ»។
លោកបានបន្ថែមថា ហើយចំពោះអង្ករសម្រាប់ប្រើប្រាស់ក្នុងស្រុកក៏មាននីតិវិធីដូចគ្នានេះដែរ។
លោកបន្តថា៖ «យើងមាននាយកដ្ឋានដី ការស្រាវជ្រាវ និងគ្រប់គ្រង ដែលយើងធ្វើតេស្តទៅលើសារធាតុដីនិងជាតិពុលនៅក្នុងដី។ ប្រសិនបើមានភាពមិនប្រក្រដី ពួកគេនឹងរាយការណ៍ ហើយយើងនឹងចាត់ការទៅលើបញ្ហានោះ»។
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន AMRU Rice បានថ្លែងថា ខណៈលោកទទួលស្គាល់ថា សារធាតុអាសេនិកគឺជាក្តីបារម្ភចម្បង លោកទទូចថា មិនមានបញ្ហាជាតិអាសេនិកនៅក្នុងអង្ករកម្ពុជាទេ។
លោក សារ៉ន ថ្លែងថា៖ «ខ្ញុំធានាអ្នកថា ក្នុងប្រទេសកម្ពុជា យើងល្អបើប្រៀបធៀបទៅនឹងតំបន់»។
ទោះយ៉ាងណាក្តី លោកអំពាវនាវឲ្យរដ្ឋាភិបាលប្រុងប្រយ័ត្នចំពោះបញ្ហានេះ។
លោកបានបន្តថា៖ «វានៅក្នុងខ្យល់អាកាស នៅក្នុងដី នៅក្នុងទឹក។ ដូច្នេះ ជាធម្មតា វាពិបាកសម្រាប់កសិករការពារមិនឲ្យមានកម្រិតអាសេនិកនៅក្នុង អង្ក។ ប៉ុន្តែយើងត្រូវការប្រើដីដែលត្រូវបានពិនិត្យមើលសារធាតុនេះ »។ «រដ្ឋាភិបាលគួរតែពិនិត្យរាល់ផលិតកម្មស្រូវទាំងអស់ ហើយប្រសិនបើមានកម្រិតខ្ពស់ណាមួយ រដ្ឋាភិបាលគួរតែព្រមានទៅកសិករជាមុន»៕